Wednesday, June 22, 2016

#rbu_807_ក្ដាមស្រែផ្ដាំជាតិ

១. ឈរមើលថ្ងៃរះ នៅពេលព្រឹក
ចិត្តនឹកថ្ងៃលិច នៅពេលល្ងាច
នៅស្រែក្នុងហ្បូង សត្វមមាច
ហើរព្រាតដូចព្រាច បាចអង្កាម។

២. ថ្ងៃរះខ្យល់ផាត់ ត្រជាក់កាយ
អារម្មណ៍ស្រស់ស្រាយ ឃើញសត្វក្ដាម
វារលើភ្លឺស្រែ ខ្ញុំដេញតាម
លោមសួរសត្វក្ដាម "ឯងទៅណា?"

៣. ក្ដាមមិនព្រមស្ដី ភ្នែកផ្អឹបស្នូក
ប្រឹងបែកញើសជោក ប្រះអាត្មា
លើកដង្គាបភ័យ តក្កមា
នឹកថាមរណំ ក្នុងដៃខ្ញុំ។

៤. ស្លុតស្លាំងខ្លាំងពេក វាស្រែកថា
"សូមលោកមេត្តា ករុណាកុំ
ប្រហារខ្ញុំអី អង្វរសុំ
រស់នៅសុខុម ឈប់កាត់ស្រូវ"។

៥. ខ្ញុំសើច ក្ដាមក៏ បាត់ភ័យភិត
វាថ្លែងពាក្យពិត ត្រូវអើយត្រូវ
វាថា "ដីស្រែ ក្ដាមកាត់ស្រូវ
ស្រែនៅឥឡូវ មានទៅណា?"

៦. វាថា "យួនសៀម យកដីស្រែ
នោះរាស្រ្តមុខតែ រស់ខ្លោចផ្សា
ឯកម្ពុជា លង់មរណា"
ខ្ញុំនឹកគិតថា ក្ដាមពោល "ពិត"។

៧. ខ្ញុំក៏លែងក្ដាម តាមមើលវា
ពេលវាថ្លែងលា ខ្ញុំនឹកគិត
"ក្ដាមជាសត្វសោះ មានគំនិត
ដឹងព្រំដែនរឹត រួមរឹលរេច"។

៨. នេះរឿងថ្ងៃរះ មេរៀនមួយ
ក្ដាមប្រាប់ គិតព្រួយ ដល់ថ្ងៃលិច
សូមឲ្យជាតិខ្មែរ គង់ជានិច្ច
"កូនខ្មែរកុំភ្លេច ការកេរជាតិ"។

រក្សាសិទ្ធិ copyright rbu_spp 9:45 am Monday June 22, 2015 Sao Puthpong Sao

No comments:

Post a Comment