Monday, June 13, 2016

‪#‎rbu_790_ស្រះប្រាំសក្ខីកម្មបាត់ដីជាតិ‬


១. ស្រះប្រាំផ្ដាំទុក ស្រុកអូរយ៉ាដាវ
យួនជីកមួយប្រាវ ចូលក្នុងដីខ្មែរ
ឆ្លើយថាដីវា ប្រើលេសឡប់ឡែ
ក្រឡែតលួចកែ ខ្សែព្រំដែនថ្មី។
២. ខ្លះចូលដល់ជ្រៅ នៅជាង៥០០
ម៉ែតមកលុកលយ មាននៅអាចម៍ដី
ភូមិឡុំ ប៉ក់ញ៉ៃ ដាននៅសក្ខី
ផ្ដាំខ្មែរប្រុសស្រី កុំភ្កេចដីជាតិ។
៣. ដីខ្មែរព្រំដែន យួនសៀមរំកិល
ខ្សែព្រំល្បិចខិល ខូចជួមារយាទ
បង្គោលសីមា ព្រំដែនដើរឃ្លាត
ចូលជ្រៅមកព្រាត ក្នុងដីខេមរា។
៤. កាលប្រជុំចុង ពីរពាន់ដប់ពីរ
ព្រំដែនអំពី វ៉ា គឹមហុង (១) ថា
វៀតណាមជីកព្រែក បង្កើតបញ្ហា
ព្រំដែនកត្តា ស្មុគស្មាញខ្មែរ-យួន។
៥. បណ្ឌិត ម៉ាត្សយូហ្ស៍ វែរហ្គីស (២) ស្រាវជ្រាវ
ចុះផ្សាយមិនព្រាវ ចុងពីរពាន់បួន
ខ្សែព្រំដែនខ្មែរ ដើរចូលពីយួន
រំកិលផ្ទួនៗ យួនយកដីខ្មែរ។
៦. ឥឡូវនៅតែ ដោះស្រាយមិនចប់
រួចមួយកើតដប់ យួនប្រសប់កែ
ជីកស្រះជីកព្រែក ប្ដូរដែនព្រៃស្រែ
ព្រោះអ្នកធំខ្មែរ ដង្ហែតាមយួន។
៧. ល្បិចត្រជាក់ផ្សំ យួនបន្លំដូរ
រាស្ត្រព្រំដែនថ្ងូរ រងទុក្ខផ្ទួនៗ
ឈឺចាប់ពេកទៅ ចោទរាស្ត្រជាតិខ្លួន
ថាចូលដីយួន ធ្វើស្រែចម្ការ។
៨. ប្រវត្តិសាស្ត្រចារ ថាខ្មែររងគ្រោះ
នៅក្នុងជម្លោះ ការកេរដូនតា
មានតែយួនទេ ប្លន់ដីខេមរា
ដែលយួនឯណា ឲ្យខ្មែរយកដី?
៩. យួនចូលដីខ្មែរ ជីកស្រះទាំងប្រាំ
ជាសក្ខីកម្ម ប្រាប់ខ្មែរប្រុសស្រី
ថាយួនឈ្លានពាន ព្រោះតែមន្ត្រី
ចោទស្ដីរាស្ត្រឯង បំពានយួនណា៎!
១០. ជម្លោះព្រំដែន អាចដោះស្រាយងាយ
បើលើកនិយាយ សន្ធិសញ្ញា
នៅក្រុងប៉ារីស៍ ២៣ តុលា (៣)
ជម្រះបញ្ហា ព្រំខ្មែរយួនសៀម។
(១) វ៉ា គឹមហុង និយាយក្នុងអង្គប្រជុំស្ដីពីព្រំដែន នៅថ្ងៃទី២៩ ខែធ្នូ ២០១២។
(២) លោក វែរហ្គីស ចុះផ្សាយក្នុងកាសែតសិង្ហបុរី The Straits Times ក្នុងចុងឆ្នាំ ២០០៤ ថា បង្គោលព្រំដែនខ្មែរចេះដើរចូលមកក្នុងដីខ្មែរ។ លោកជាអតីតឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា នាដើមទ.វ.ទី២១។
(៣) ២៣ តុលា ១៩៩១
រក្សាសិទ្ធិ copyright 4:59 pm Saturday June 13, 2015 Sao Puthpong

No comments:

Post a Comment