នៅកម្ពុជា ពុំមាន អ្នកអត់ការងារ
ដូចឃើញគ្រប់គ្នា មើលមើល៍ សូម្បីក្មេងតូច
អាចធ្វើការធ្ងន់ លើសចាស់ ស្រុកគេមិនដូច
ក្មេងតូចខានរៀន ព្រោះឃ្លាន ប្រឹងរកការធ្វើ។
ក្មេងតូចមួយនេះ រទេះ អូសប៉ោងសំឡក
គ្នាសុខចិត្តខក ខានរៀន គ្មានអ្នកអើពើ
ចង់រស់ចោលរៀន ស្រេកឃ្លាន ទុកមួយអន្លើ
ខំងើយមើលលើ ក្រែងមេឃ បោះដុំមាសឲ្យ។
ឱ លោកទេវតា មេត្តា តែពួកអ្នកមាន
ចុះអ្នកស្រេកឃ្លាន អ្នកក្រ ម្ដេចមិនបែរក្រោយ
មើលឃើញគ្នាផង គ្នាផ្សង ខ្លះស្រែកដង្ហោយ
មិនសុំបក់បោយ ឲ្យបាន កន្សែងទិព្វទេ។
សូមតែបែងចែក កំណើន ផលលាភសេដ្ឋកិច្ច
លៃលកយ៉ាងម៉េច កុំឲ្យ ស៊ីតែគ្នាគេ
ឯអ្នកក្រីក្រ គ្នាឃ្លាន ធ្វើគ្មានទំនេរ
ចង់រស់ដូចគេ ហូបចុក សុខយុត្តិធម៌។
រក្សាសិទ្ធិ copyright 5:11 pm Monday June 15, 2015 Sao Puthpong
No comments:
Post a Comment