1 June 2015 at 10:30
ស្ដាប់ខ្មែរជេរខ្មែរ សម្ញែងគេ
តើពីរោះទេ ស្ដាប់មើលចុះ
ខ្ញុំពុំហ៊ានថា មួយណាខុស
ជេរឆ្លើយបង្រុះ ឈ្លោះចោទគ្នា។
ឈ្លោះកាន់ចិត្តក្ដៅ ជះសម្អប់
រងមួយសងដប់ ចិត្តពុំជា
ម៉ាំងទៅម៉ាំងមក ចងវេរា
ឱ កម្ពុជា ខ្មែរបែកបាក់។
ចង់ដណ្ដើមឈ្នះ តែរៀងខ្លួន
មិនខ្មាសសៀមយួន ចិត្តអបលក្ខណ៍
ដូចមិនភ្ញាក់ខ្លួន ជាតិមរណៈ
បើខ្មែរបែកបាក់ ខ្វះសាមគ្គី។
ហេតុអ្វីពាក្យខ្មែរ ស្ដាប់គ្នាបាន
គួរចេះប្រមាណ ចាប់ផ្ដើមពី
ចរចាស្ដាប់គ្នា កុំវក់វី
ជេរចោទ អា មី អញ ដៀល អ្ហែង។
ជាអ្នកចេះដឹង រៀនបានខ្ពស់
ពុំត្រូវប្រឈ្លោះ ជេរខ្មែរឯង
ឈ្លោះរឹតបែកបាក់ អួតខឹងខែង
ព្រះលោកសម្ដែង ឯងមុខចាញ់។
ដណ្ដើមយកត្រូវ មិនខុសទេ
តែពុំត្រូវជេរ គួរស្រឡាញ់
រាប់រកជាតិឯង កុំគុំខ្នាញ់
ប្រឹងចណ្ឌាលផ្ចាញ់ អញយកឈ្មះ។
ដណ្ដើមយកត្រូវ ខំបង្កើន
សាង"ល្អ"ឲ្យច្រើន តាមធម៌ព្រះ
"ល្អច្រើន"ជាងគេ គង់នឹងឈ្នះ
ធ្វើតាមធម៌ព្រះ "ឈ្នះខ្លួនឯង"។
រក្សាសិទ្ធិ Copyright rbu_spp 10:29 am Monday June 1, 2015 Sao Puthpong Sao
https://www.facebook.com/218895444967229/videos/359064544283651/
No comments:
Post a Comment