Tuesday, June 7, 2016

‪#‎rbu_784_ផ្លែដំបងយក្ស‬

១. ឱ ដំបងយក្ស អ្នកប្លែកម្យ៉ាង
បន្លាច្រូងច្រាង ស្រោបជុំប្រាណ
ស្រួចមុតឈឺចុក ទោះទ្រាំបាន
គង់នៅមិនក្សាន្ត ប្រាណឈឺអួល។
២. ប៉ុន្តែផ្កាអ្នក ឃើញជាក់ប្លែក
គាប់ភ្នែកអនេក តាមជើងទួល
ឬជាយរបង ទោះដើមដួល
រមួលនៅដេក ពន់ពេកល្អ។
៣. ផ្កាដំបងយក្ស ជាក់បន្លែ
អន្លក់ផ្សំផ្សែ កកូរស្ល
បន្ទះដើមខាង ជូរជ្រះល្អ
ភ្លាម្ជូរសម្ល សាច់គោឆ្ងាញ់។
៤. ផ្លែអ្នកទៀតសោត បញ្ឆោតចិត្ត
ឃើញហើយគង់ដិត ចិត្តស្រឡាញ់
ទាំងរូបក្លិនពណ៌ រសមិនចាញ់
ក្រខុបសំឡាញ់ បន្លាព្រៃ។
៥. ផ្លែក្រខុបព្រៃ ដំបងយក្ស
ឃើញភ្លាមមុខភ្ញាក់ គន់រំពៃ
សឹងដូចគ្នាម្ល៉េះ គិតមមៃ
ដើមផ្សេងទីទៃ ខុសគ្នាឆ្ងាយ។
៦. ផ្លែទុំដណ្ដើម មិនទាន់ចាប
ចឹកបេះហើរឆាប ស៊ីប្រញាយ
ក្មេងស្ទុះប្រញឹក ស្រែកសប្បាយ
ដេញសត្វក្អាកក្អាយ រើសពីចាប។
រក្សាសិទ្ធិ copyright rbu_spp Sunday June 7, 2015 Puthpong Sao
រូបថត ពន្លឺរាត្រី ហ្វេសប៊ុក

No comments:

Post a Comment