Wednesday, June 15, 2016

#rbu_792_ទោសត្រយូងចេក_ទោសលួចជាតិ

#rbu_792_ទោសត្រយូងចេក_ទោសលួចជាតិ

១. ចោរត្រយូងចេក ទោសនេះតូចពេក គេចាប់ដេកគុក
ឯទោសលួចជាតិ មេរលួយពុក មិនដែលជាប់គុក
សូកលុយរួចខ្លួន។

២. លួចត្រយូងចេក ជីវិតក្រពេក ស្រេកឃ្លានមិនធួន
ដើរដកព្រលឹត បេះបោចត្រកួន រស់ក្រជាប់ខ្លួន
បានល្ងាចខ្វះព្រឹក។

៣. មានដីមួយច្រក ជីវិតដូចចក ដេកឃ្លានសន្ធឹក
សន្ធៃកូរពោះ ខ្វល់ខំរកនឹក រកបានមុនព្រឹក
លួចចេកត្រយូង។

៤. លួចពុំធ្វើមាន រំលស់ស្រេកឃ្លាន គ្រាន់តែដៃឈោង
ប៉ូលិសមកដល់ អាវុធច្រាងច្រូង ចាប់ដាក់ខ្នោះផូង
បណ្ដើរចូលឃុំ។

៥. ឯចោរលួចជាតិ អាងបក្សពួកញាតិ ជាខ្សែអ្នកធំ
ប្លន់ជាតិស្រស់ៗ រំលើងទាំងភ្នំ ទោសសែនមហាធំ
ពុំជាប់គុកឡើយ។

៦. កាប់ព្រៃឈើជាតិ ដឹកពេញចេញព្រាត ឡើងវាលអស់ហើយ
ហិនព្រៃវាលភ្នំ ពុំមានទោសឡើយ យុត្តិធម៌អើយ
អ្នកនៅទីណា?

៧. ទោសកឹបកេងជាតិ ជួថោកមារយាទ រលួយម្ដេចម្ដា
មិនដែលជាប់ទោស ព្រោះអាងដុល្លារ សូកតុលាការ
ឡើងបុណ្យរឹតធំ។

៨. អយុត្តិធម៌ កើតពេញនគរ អ្នកក្រស្រែកយំ
និរទណ្ឌភាព ការពារអ្នកធំ ទោះទោសប៉ុនភ្នំ
រួចខ្លួនរំភើយ។

រក្សាសិទ្ធិ copyright 5:52 pm Tuesday June 16, 2015 Sao Puthpong





No comments:

Post a Comment