១. ចំណេះដឹងច្រើន កើនកិត្តិយស
ក្រអូបកេរ្តិ៍ឈ្មោះ ព្រោះវិជ្ជា
ផ្សព្វផ្សាយធម្មទាន បានច្រើនគ្នា
ជួយកម្ពុជា ពុទ្ធិសាយ។
២. ពុទ្ធំធម្មោ សង្ឃោខំ
ត្រង់ណាចេះចំ ផ្សំចែកចាយ
បានប្រយោជន៍ដល់ ជនទាំងឡាយ
សប្បាយជ្រះថ្លា ប្រាជ្ញាថ្លោស។
៣. កើតធម៌កុសល ដល់សង្គម
គ្រួសារតូចធំ ពុំឃ្នើសកោស
ដូចមានព្រះព្រម តាមជួយប្រោស
សណ្ដោសគ្រប់គ្រា សុខជាជាតិ។
៤. ពាក្យ"សុខោទ័យ" មានមែនពិត
តាំងពីព្រេងព្រឹទ្ធ ខ្មែរមិនឃ្លាត
សៀមយកទៅប្រើ ជាពាក្យញាតិ
ក្លាយដូច"ពិណពាទ្យ" និងច្រើនទៀត។
៥. សុខោទ័យ ខេត្ត ខ្មែរដើមទី
សៀមចូលជាន់ឈ្លី វាតបៀនបៀត
រាលមកទិសត្បូង តាមល្បិចស្នៀត
រាតឆ្លៀតវាតដល់ អយុធ្យា។
៦. ពង្វាតពង្រីក ឥតឈប់ឈរ
ខេត្តមហានគរ កម្ពុជា
ប្រទេសសៀមរីក មហិមា
ខ្មែររួញដល់គ្រា សល់សព្វថ្ងៃ។
រក្សាសិទ្ធិ copyright rbu_spp 7:29 am, Wednesday June 17, 2015
កំណាព្យនេះសរសេរឆ្លងឆ្លើយនឹង បទអធិប្បាយរបស់លោក Sophy Mey ខាងក្រោមនេះ៖
ពាក្យសៀម និង ពាក្យខ្មែរ ! ....
ពាក្យ "ពិណពាទ្យ" សៀមអានថា ភិនផាត , ខ្មែរក៏ហៅវង់ភ្លេងនោះថា ភ្លេងពិផាត (ឬ ភ្លេងសៀម) តាមតែសម្លេងសៀម ....
ពាក្យ "អភ័យវង្ស" សៀមអានថា អាផៃវង្ស ខ្មែរក៏ហៅថា អផៃវង្ស តាមតែសម្លេងសៀម ....
រឿងល្ខោន "អផៃមុនី" គ្មានន័យទេ ! .... ពាក្យពិត គឺ "អភ័យមុនី" សៀមអានថា : អផៃមុនី , អ្នកនិពន្ធខ្មែរ ក៏សរសេរថា អផៃមុនី តាមតែសម្លេងសៀម .....
ពាក្យ "ទិណ្យវង្ស" សៀមអានថា : ធិនវង្ស , អ្នកនិពន្ធខ្មែរ ក៏សរសេរ ធិនវង្ស តាមតែសម្លេងសៀម ....
"បាងព្រះឥន្ទ្រ" សៀមអានថា : បាងផៈអ៊ិន , ខ្មែរក៏សរសេរថា បាងប៉ាអ៊ិុំន តាមតែសម្លេងសៀម ....
"សុខោទ័យ" សៀមអានថា ស៊ុឃោថៃ , ខ្មែរក៏សរសេរ សុឃោថៃ តាមតែសម្លេងសៀម .....
ព្រះចៅ "នរេសូរ" សៀមអានថា ណៈរ៉េដស៊ន , ខ្មែរក៏សរសេរ ណារ៉េតសូន តាមតែសម្លេងសៀម ....
"បូណាសាគរ " សៀមអានថា បូណាសាខន , ខ្មែរក៏សរសេរថា បូណាសាខន តាមតែសម្លេងសៀម ....
"ទុរេន" សៀមអានថា ធុរេន , ខ្មែរក៏សរសេរថា ធូរេន តាមតែសម្លេងសៀម ....-ល- ....
មតិទាក់ទងនឹងពាក្យទាំងពីរ សុខោទ័យ និង ស៊ុឃោថៃ ៖
Cheymongkol Chalermsukjitsri:
អ្នកណាថា "សុខោទ័យ" ពាក្យខ្មែរ?
Puthpong Sao:
ឯកសារប្រវត្តិសាស្ត្រ និង ឯកសារសិក្សាក្រសួងអប់រំកម្ពុជា តាំងពីទសវត្សរ៍ទី៥០-៦០ ហូរហែមក ប្រើពាក្យ សុខោទ័យ នេះ ពុំមែន ស៊ុឃោថៃ ទេ។
No comments:
Post a Comment