មើលឋានសួគ៌ កសិករ នៅលើភ្នំ
ជាទីសុខ មនោរម្យ ពីដូនតា
នៅកណ្ដាល ធម្មជាតិ វាលព្រឹក្សា
គ្មានបឹងណា អាចអាស្រ័យ ជាធនធាន។
ពឹងលើដី ធរណី ទីធ្វើស្រែ
ធ្វើចម្ការ តាមឆ្នាំខែ មេឃប្រទាន
ពរជីវិត ខ្យល់រដូវ ទឹកភ្លៀងមាន
គ្រោះអត់ឃ្លាន រាំងជំនន់ មិនប្រាថ្នា។
លើដីភ្នំ ស្រែធំតូច មានតាមថ្នាក់
រៀបចំដាក់ ភ្លឺទាក់ទឹក តាមត្រូវការ
ធ្វើស្រែបាន តាមប្រមាណ ខែវស្សា
ប្រាំងកាលណា ធ្វើចម្ការ ដំណាំចង់។
ប្រើក្របី ភ្ជួររាស់ដី ចម្ការស្រែ
ដូចយើងដែរ តែប្លែកមួយ គឺផ្សេងត្រង់
ប្រើតែមួយ ជួយកម្លាំង អូសទាញផង
សោះនឹងបង់ បើទាំងសង មើលថែពីរ។
គេធ្វើស្រែ ចម្ការដែរ នៅលើភ្នំ
ព្រោះតែពុំ មានទំនាប ព្រះភូមី
ហ្វ៊ីលិពីន ទាំងនៅឥ ណ្ឌូនេស៊ី
តំណពី ដូនតាគេ ចំណេរមក។
ពុំឃើញមាន ផ្លូវឬស្ពាន ឡើងដល់លើ
ដូចស្រែធ្នើរ ទើរលើទី ភូមិមាត់ញក
កំពូលភ្នំ ពុំឃើញផ្លូវ ឡើងដល់មក
ពិបាកយក រកអ្វីៗ ដែលត្រូវការ ៕
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី ៧/៦/២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment