អ្នកធ្លាប់ទើបដឹង បាយទឹកត្រី
ពុំមានម្ហូបអ្វ៏ លោមក្រពះ
មានតែពងទា គ្នាមួយផ្ទះ
មួយពីរជម្នះ ពោះស្រេកឃ្លាន។
ខ្លះយកបាយក្រៀម ដាំជាថ្មី
ពុំដឹងបានអ្វី បើខ្លួនគ្មាន
ចិត្តគិតខ្មាសអៀន មិនសុំទាន
ពោះហេវមិនហ៊ាន ហាសុំគេ។
បើក្រហើយល្ងង់ ហ្នុងម្យ៉ាងដែរ
ស៊ូធ្វើមុខឆ្កែ មិនគិតគ្នេរ
ដើរសុំគេស៊ី មិនខ្មាសទេ
កុំពេបកុំជេរ បើគ្នាក្រ។
បើចេះហើយក្រ ព្រោះពិការ
មាត់បិទមិនហា រស់ត្រដរ
ប្រវេប្រវា ទ្រាំអង្វរ
វាសនាឈប់ក្រ ឈប់ផ្ដន្ទា។
សង្គមអ្នកធំ ខំប្រជែង
អ្នកក្រវង្វេង រស់វេទនា
អ្នកមានមានណាស់ មានអួតគ្នា
វាសនាផ្ដន្ទា អ្នកក្រក្រី។
អ្នកក្រមិនចង់ រស់ស្រេកឃ្លាន
ខ្លះជ្រុលបំពាន ហ៊ានធ្វើអ្វី
លួចឆក់ប្លន់គេ បើទោះបី
ច្បាប់មិនប្រណ៏ គុករង់ចាំ។
ខ្លះក្រត្រដរ ទៅលេងឆ្នោត
ទោះដឹងថាឆោត សាងតែកម្ម
ចិត្តផ្សងក្រែងភ័ព្វ ដូចសប្ដិផ្ដាំ
តែតាមចំណាំ ចាញ់បោកមេ (១)។
(១) មេឆ្នោត។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១៧ មិថុនា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment