Sunday, July 31, 2016

#‎rbu_1224_ពាក្យក្មេង_អ៊ុល្មាំង‬

1 août 2015, 07:11
ពេលខ្លះចាស់ៗ ស្ដាប់ក្មេងមិនយល់
នៅឆ្ងល់វិលវល់ ពាក្យចាស់ក្មេងថា
ចាស់ឡើងវង្វេង ក្មេងចេះពីណា
ឪម៉ែយាយតា មិនដែលប្រាប់សោះ?
ក្មេងពុំដឹងឡើយ ឆ្លើយតាមហេតុការណ៍
វាលេងយ៉ាងណា ដឹងមិនចន្លោះ
ចាំរឿងវាលេង ទោះលេងចោះៗ
ក្មេងៗទាំងអស់ លេងតាមចាស់ៗ។
ចាស់កាលពីក្មេង លេងដូច្នេះដែរ
មិនថាក្មេងខ្មែរ គ្រប់សាសន៍ទាំងអស់
ល្បែងគ្មានព្រំដែន ទោះខ្លះញ៉េះញ៉ោះ
ក្មេងលេងដោយស្មោះ ឥតពុតលាក់លៀម។
ខ្លះល្បែងសង្គ្រាម គ្មានឈាមកាប់ចាក់
គ្មានឈាមប្រឡាក់ លេងតាមទំនៀម
សប្បាយកក្អឹក ល្បែងសឹកមិនស្ងៀម
គ្មានរំសេវឆ្ងៀម ដូចជា"អ៊ុល្មាំង"។
អំពីរឿងនេះ ខ្ញុំនឹកឃើញអតីតនាយទាហានជើងទឹកជំនាន់សាធារណរដ្ឋខ្មែរម្នាក់ មកពីខេត្តព្រែវែង។ គាត់ធ្លាប់បានទៅហ្វឹកហាត់រៀនសូត្រនៅប្រទេសហ្វ៊ីលីពីន។ ថ្ងៃមួយយើងបានជួបគ្នានៅភ្នំពេញពេលខ្ញុំកំពុងបង្រៀនភាសាបារាំង (១៩៨៣-១៩៨៤?)។ គាត់បានសួរខ្ញុំថា "តើពាក្យ 'អ៊ុល្មាំង' មានន័យថាយ៉ាងម៉េច?" គាត់ថាឃើញក្មេងៗរត់លេងដេញគ្មា លើកដៃចង្អុលដាក់គ្នាហើយស្រែកថា "អ៊ុល្មាំងៗ!"
ខ្ញុំបានសួរគាត់ថា "បងជានាយទាហាន បងពិតជាមិនដឹងពាក្យនេះមែនឬ?" គាត់ថាគាត់មានចន្លោះពាក្យហ្នឹង។ ខ្ញុំថាអ៊ីចឹងមានតែចាស់ៗត្រូវរៀនពីក្មេងវិញហើយ ... បើក្មេងលេងរបៀបនេះគឺជាកាយវិការចម្បាំងហើយ។ តាមខ្ញុំដឹងពាក្យនេះជាពាក្យទាហានឬប៉ូលីសដេញតាមទាន់ខ្មាំងឬជនជាប់សង្ស័យឧក្រិដ្ឋជន ហើយភ្ជង់កាំភ្លើងដាក់ស្រែកបញ្ជាថា Haut les mains! អានថា /អូ លេ ម៉ាំង!/ ជាពាក្យបារាំងប្រែថា "លើកដៃ(ឡើង)!" ដែលក្នុងបរិបទនេះអង់គ្លេសថា "Hands up!"
(ពេលខ្លះស្រែកបន្ថែមថា Bam! Bam! /ប៉័ង ប៉័ង!/ ពេលដែលម្ខាងទៀតទម្លាក់ខ្លួនដេកធ្វើជាដួលស្រែកថា "អូយ!" ឬពុតធ្វើស្លាប់ស្ដូក)។

© Copyright rbu_spp 1 August 2016 Puthpong Sao

No comments:

Post a Comment