ឫកខ្ពស់ហួសមេឃ ដេកក្នុងមុង
ឮសូរភ្លុងៗ ខ្លាចខ្មោចលង
ស្នូរអ្វីខ្វៃៗ មិិនទំនង
ឮដូចហ៊ីងហ៊ង នៅក្នុងពាង។
ឮសូរភ្លុងៗ ខ្លាចខ្មោចលង
ស្នូរអ្វីខ្វៃៗ មិិនទំនង
ឮដូចហ៊ីងហ៊ង នៅក្នុងពាង។
តើអ្វីក្នុងពាង រាងខ្លាចខ្មោច
គិតថាយ៉ាងហោច ភូតងាយជាង
ខ្លាចប្រពន្ធជេរ ឆ្លើយពង្វាង
រាយមងព័ទ្ធវាង ក្នុងពាងទឹក។
គិតថាយ៉ាងហោច ភូតងាយជាង
ខ្លាចប្រពន្ធជេរ ឆ្លើយពង្វាង
រាយមងព័ទ្ធវាង ក្នុងពាងទឹក។
បែកការណ៍បណ្ដោយ នៅក្រោយផ្ទះ
ប្រពន្ធព្រលះ សាប់ទាំងព្រឹក
ប្រុសអីខ្លាចខ្មោច តែវាយឫក
អួតក្អេងសន្ធឹក ស្ដីយកឈ្នះ។
ប្រពន្ធព្រលះ សាប់ទាំងព្រឹក
ប្រុសអីខ្លាចខ្មោច តែវាយឫក
អួតក្អេងសន្ធឹក ស្ដីយកឈ្នះ។
យប់មិញតឿនខ្លាំង យកមងទៅ
លបៗយប់ជ្រៅ ពួនកៀនផ្ទះ
ឈ្មុលចូលក្នុងមុង ដេកថ្ងៃរះ
ភ្ញាក់ឡើងអ្នកផ្ទះ សួរបានអី។
លបៗយប់ជ្រៅ ពួនកៀនផ្ទះ
ឈ្មុលចូលក្នុងមុង ដេកថ្ងៃរះ
ភ្ញាក់ឡើងអ្នកផ្ទះ សួរបានអី។
ឮអ្វីភ្លុងហ្នុង ក្នុងពាងនោះ
សស្លើតប្រឹងស្ទុះ មិនស្រដី
គិតថាភូតទៀត បោកស្រីៗ
ប៉ុន្តែមានអី ប្រពន្ធដឹង។
សស្លើតប្រឹងស្ទុះ មិនស្រដី
គិតថាភូតទៀត បោកស្រីៗ
ប៉ុន្តែមានអី ប្រពន្ធដឹង។
ប្រពន្ធស្ដីថា "អ្នកណាអើយ
ប្រុសពុំគួរឡើយ ខ្លាចយ៉ាងហ្នឹង
ខ្លាចខ្មោចខុសគេ បើអ៊ីចឹង
ម្ដេចប្រឹងដុះកុយ មកធ្វើអី?"
ប្រុសពុំគួរឡើយ ខ្លាចយ៉ាងហ្នឹង
ខ្លាចខ្មោចខុសគេ បើអ៊ីចឹង
ម្ដេចប្រឹងដុះកុយ មកធ្វើអី?"
"ដាក់មងក្នុងពាង ជាប់តែហ៊ីង
អីអត់រលីង ហួសស្រដី
ភ្លៀងធ្លាក់បាក់មេឃ រំបល់ស្អី
ដាក់មងចាប់ត្រី ក្នុងពាងទឹក !"
អីអត់រលីង ហួសស្រដី
ភ្លៀងធ្លាក់បាក់មេឃ រំបល់ស្អី
ដាក់មងចាប់ត្រី ក្នុងពាងទឹក !"
ប្ដីថា"ប្រាប់ខ្ញុំ ពីយប់មិញ
ហើយខ្ញុំសួរវិញ ទាំងរកនឹក
ឯងថាដាក់ទៅ ទីមានទឹក
ទាំងភ្លៀងគគ្រឹក ត្រីពេញដី"។
ហើយខ្ញុំសួរវិញ ទាំងរកនឹក
ឯងថាដាក់ទៅ ទីមានទឹក
ទាំងភ្លៀងគគ្រឹក ត្រីពេញដី"។
ប្រពន្ធថា "ឱ លោកអើយលោក
នេះល្ងង់ដូចមោក នែអ្នកប្ដី
ដាក់មងក្នុងពាង ដែលប្រស់ត្រី
សង្ឃឹមបានអី ចាប់ត្រីស្រាប់ ?"
នេះល្ងង់ដូចមោក នែអ្នកប្ដី
ដាក់មងក្នុងពាង ដែលប្រស់ត្រី
សង្ឃឹមបានអី ចាប់ត្រីស្រាប់ ?"
កាលលើកមុនៗ ក្រោកពីល្ងឹត
ដើរសៀរទៅជិត ពាងស្រែកប្រាប់
"ម៉ែវាក្រោកឡើង ជាប្រញាប់
ចេញមកជួយចាប់ ត្រីច្រើនណាស់"។
ដើរសៀរទៅជិត ពាងស្រែកប្រាប់
"ម៉ែវាក្រោកឡើង ជាប្រញាប់
ចេញមកជួយចាប់ ត្រីច្រើនណាស់"។
"មានចង្វាក្រាញ់ អណ្ដែងផ្ទក់
ស្ងោរអាំងខលក់ មករហ័ស
ទៅផ្សារបានមុន ថ្ងៃរះច្បាស់
ប្រពន្ធឆ្ងល់ណាស់ ត្រីប្រស់ហ្អី?"
ស្ងោរអាំងខលក់ មករហ័ស
ទៅផ្សារបានមុន ថ្ងៃរះច្បាស់
ប្រពន្ធឆ្ងល់ណាស់ ត្រីប្រស់ហ្អី?"
លើកនេះចប់ស្រេច បែកអាចម៍ថ្ងៃ
ល្បិចចាស់ក្រឡៃ ប្រើជាថ្មី
តែប្រពន្ធទាន់ "យីះ អ្ច៊ឹងហ្អី
ដាក់មងចាប់ត្រី ក្នុងពាងស្រាប់ !?!"
ល្បិចចាស់ក្រឡៃ ប្រើជាថ្មី
តែប្រពន្ធទាន់ "យីះ អ្ច៊ឹងហ្អី
ដាក់មងចាប់ត្រី ក្នុងពាងស្រាប់ !?!"
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១២ កក្កដា ២០១៦ សៅរ៍ ពុធពង្សPuthpong Sao
អ្នកគ្រូ Boramy Sou ពីការបកប្រែនិងមើលកំណាព្យអ្នកគ្រូយកមកនេះ វាបំផុសគំនិតខ្ញុំឲ្យតែងបានកំណាព្យកំប្លែងមួយនេះ។
No comments:
Post a Comment