ទឹកភ្នែកអាល័យ គ្មានន័យឡើយ
ពុកស្លាប់ទៅហើយ កូនអើយបា
កាលពេលនៅរស់ ទោះពិការ
ខំប្រឹងធ្វើការ ដើម្បីកូន។
ចិញ្ចឹមឲ្យកូន រស់ណាពៅ
ពេលម៉ែស្លាប់ទៅ បាស្ទើរសូន្យ
តែស៊ូទ្រាំរស់ ព្រោះតែកូន
កូនគ្មានបងប្អូន ទោលឯកា ។
ឲ្យកូនបានរៀន មានឱកាស
សាងខ្លួនត្រចះ ណាធីតា
តែកូនមិនយល់ ដល់ចិត្តបា
ពេលពុកមរណា ទើបកូនយំ ។
យំមានន័យអ្វី កូនស្រីពុក
ពេលពុកនៅមុខ កូនជញ្រុំ
ច្រាសឆ្អេះឲ្យពុក ដូចស្អប់គុំ
ទោះពុកគិតធំ ជួយបុត្រី ។
ពុកគិតសព្វយ៉ាង ទាំងពិបាក
មិនហ៊ានសម្រាក ក្ដៅភ្លៀងក្ដី
ធ្វើការដើម្បី ជួយកូនស្រី
សង្ឃឹមថ្ងៃថ្មី បានផុតក្រ ។
សន្សំពេលរៀន ពុកដឹងថា
ចំណេះហ្នឹងណាា ទុនបវរ
ឲ្យតែកូនរៀន ចេះគង់ក៏
អនាគតល្អ ណាមាសពុក ។
កំណាព្យរក្សាសិទ្ធិ៍ © Copyright rbu_spp ថ្ងៃទី៥ កក្កដា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F1khmer.web%2Fvideos%2F1714296425481143%2F&show_text=0&width=560" width="560" height="315" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>
No comments:
Post a Comment