Monday, July 4, 2016

#rbu_1198_កុនខ្មែរថើបងាយ​

#rbu_1198_កុនខ្មែរថើបងាយ

ហេតុតែចង់ល្បី  ដឹកក្មេងប្រុសស្រ៏
ឲ្យថើបគ្នាងាយ  កុនធ្វើបែបហ្នឹង
វប្បធម៌រលាយ  ព្រោះតែគិតងាយ
តាមតែអារម្មណ៍។

មើលប្រទេសគេ  មិនក្រោយខ្មែរទេ
គេថើបឡើងស៊ាំ  តាមផ្លូវសាធារណ៍
តែគេដឹកនាំ  ថតកុនគិតមាំ
មិនឲ្យងាយថើប។

កុនខ្មែរឯណេះ  គិតងាយអ្វីម្ល៉េះ
នាំក្មេងឲ្យស្រើប  ស្រៀវអស់អង្គប្រាណ
តែរឿងរសើប  ងាកឱបងាកថើប
លែងគិតកេរ្តិ៍ខ្មាស។

អ្នកដឹកនាំរឿង  គិតថាខ្លួនសឿង
ភ្លេចគិតរឿងអាស  កើតពីធ្វើងាយ
ឱបថើបផ្ដេសផ្ដាស  នាំដើរបញ្ច្រាស
ប្រពៃណីជាតិ។

មើលតែកូរេ  ឥណ្ឌាក៏គេ
នៅថែមារយាទ  ជប៉ុនចិន...ក្ដី
មិនឃ្វាងឃ្លៀងឃ្លាត  កុនគេល្បីព្រាត
មិនឃ្លាតឥរិយា។

ការកេរ្តិ៍ជាស្រី  ទោះថតរឿងអ្វី
គេនៅរក្សា  ព្រំប្រពៃណី
ទំនាមថ្លៃថ្លា  សម្ដែងរឿងណា
មិនងាយដូចខ្មែរ។

កំណាព្យរក្សាសិទ្ធិ rbu_spp ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment