Friday, July 1, 2016

‪#‎rbu_1197_សង្ឃការពារព្រៃគេប៉ងចាប់‬


ហេតុអ្វីព្រៃឈើ ខ្មែររលាយ
ព័ស្តុតាងឃើញងាយ នៅលើគោក
អាជ្ញាធរខេត្ត តាមចាប់លោក
ព្រោះលោកប្រជុំ ការពារព្រៃ។
គេចោទថាលោក ពុំមានច្បាប់
លោកបកស្រាយប្រាប់ ច្បាប់ច្បាស់ន័យ
ចេញពីក្រសួង មហាផ្ទៃ
ប៉ូលិសបំភ្លៃ ឆ្លើយអេះអុញ។
គេតោងដៃលោក ប៉ងនាំទៅ
ទាំងពេលរាស្ត្រនៅ មើលកកកុញ
តែអាជ្ញាធរ បែរទ័លតុញ
បង្ខំសង្ខុញ លោកសួរច្បាប់។
អាត្មាខុសអ្វី ស្រដីមក
ប៉ូលិសនឹករក ពាក្យសារស័ព្ទ
ថាប្រជុំនេះ ឃើញអឺងអាប់
ត្រូវតែមានច្បាប់ ឆាប់ចេញភ្លាម។
លោកថាអស្ចារ្យ អ្នកការពារ
ព្រៃកម្ពុជា គេគំរាម
ឯអ្នកកាប់ព្រៃ គេមិនទាម
មិនទារគំរាម ឲ្យឈប់កាប់។
លោកថាបើញោម អាជ្ញាធរ
ប្រើភ្នែកខួររក៍ តាមចងចាប់
ពួកមេឈ្មួញណា រំលោភច្បាប់
តាមតាងឃើញស្រាប់ ព្រៃមិនហិន។
កាប់ឈើគគ្រឹក ដឹកគគ្រេង
គ្រញូងធ្នង់បេង ចោរយួនចិន ...
កកោះនាងនួន ... ពួកវាកិន
កាប់ដឹកបង្ហិន ពេញប្រទេស។
ប្រទេសជាតិរាស្ត្រ អ្នករងគ្រោះ
ព្រះសង្ឃចេញឈ្មោះ មិនព្រមធ្វេស
ឃើញអ្នកដឹកនាំ គេមានលេស
ប្រឹងស្រែកចចេស បាំងកំហុស។
បណ្ដោយឲ្យពួក ឈ្មួញឧកញ៉ា
កើបលុយដុល្លារ ដឹងសាយសុស
កាប់ព្រៃដឹកឈើ ជួយមើលចុះ
ម៉េចចោទលោកខុស ខុសរឿងអ្វី?
កំណាព្យរក្សាសិទ្ធិ rbu_spp ថ្ងៃទី២ កក្កដា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
243,862 Views

No comments:

Post a Comment