(បទបង្កើតថ្មីទី៥ ៤ឃ្លា ១៣ព្យាង្គ)
គ្រោះ អាយុមិនអស់ ឃើញនឹងភ្នែកស្រស់ នៅរស់មិនស្លាប់
ស្លុត ដូចឃើញច្បាស់ស្រាប់ ពុំអាចនឹងប្រាប់ ហេតុអ្វីនៅរស់
ទោះ បីវិទ្យាសាស្ត្រ បកស្រាយពុំច្បាស់ គ្មានអ្វីពីព្រោះ
មួយ នៃរយលានគ្រោះ ជីវិតរួចរស់ ឆ្លងផុតមរណា។
នេះ មុខតែគិតថា ជាព្រេងវាសនា គ្រោះល្អមិនស្លាប់
ហោរ បកស្រាយសារសព្ទ គន់គូរតាមច្បាប់ អត្តៈហោរា
ស្ដែង ទាំងយើងទាំងគេ ច្បាស់ទែងម្ល៉េះទេ ពុំមានវាចា
តើ ឲ្យថាយ៉ាងណា បើមិនវាសនា ចារពីព្រេងនាយ?
ហ្នឹង បើឲ្យហោរទស្សន៍ គន់មើលពិគ្រោះ នៅមុនហេតុការណ៍
រួច ឆ្លងគ្រោះអស្ចារ្យ មុខតែនឹងថា នេះជាទំនាយ
ហើយ ក៏គង់ជឿច្បាស់ ថាមានរឿងខ្លះ ហួសនឹងនិយាយ
បើ ជឿតាមគ្រូទាយ ពុំអាចគិតងាយ ផាត់ចោលវាសនា។
តើ អ្នកជឿឬទេ ទាំងខ្ញុំទាំងគេ អំពីជីវិត
ទោះ ពិតឬមិនពិត មានគ្រោះនែបនិត្យ គឺជោគជតា
អ្នក ដែលមិនជឿសោះ ពេលឃើញភ្នែកស្រស់ គង់ងាកសង្កា
អាច ព្រមជឿវាសនា ឬជោគជតា គ្រោះអាក្រក់ល្អ។
គ្រោះ ដូចឃើញបែបនេះ ពុំបាច់រេរិះ ថាមានឬអ្វី
ខ្ញុំ ផ្ទាល់ជាសាក្សី បានឃើញសក្ខី ទាំងស្លុតភ័យអរ
មាន សិស្សនៃខ្ញុំម្នាក់ ទើបរៀនចប់វគ្គ ចេញឡានបើកបរ
វឹង គាត់បើកលឿនវ៉ ភ្លៀវចង្កូតក៏ បុករបងក្ឌាំង។
តែ ក្នុងមួយដង្ហើម ជនម្នាក់ទើបផ្ដើម ងើបចេញពីនោះ
គ្រាំង ឡានបុកខុសម្នុស្ស(១) ឃើញគាត់ស្លន់ស្ទុះ ស្លុងឈរភ័យគាំង
មើល មុខគាត់ឡើងស្លេក ស្លុតរន្ធត់ពេក ស្លាំងធ្វើមីងមាំង
ខ្ញុំ បានឈរមើលភាំង ទាំងឧទានថា អាយុមិនស្លាប់៕
ម្នុស្ស(១) (ពាក្យតម្រូវជើងកាព្យ) = មនុស្ស
អ្វីដែលខ្ញុំសរសេរភ្ជាប់នៅល្បះពីរចុងក្រោយ គឺជារឿងពិតដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ អ្នកបើកបរនោះជាសិស្សរបស់ខ្ញុំ នៅផ្ទះជិតគ្នាដល់សព្វថ្ងៃ។ (ខ្ញុំសូមមិនបញ្ចេញឈ្មោះគាត់ទេ ព្រោះពុំមានការអនុញ្ញាតពីគាត់)។
© rbu_spp 7:07 pm Dec 26, 2014 Puthpong Sao
No comments:
Post a Comment