អាសូរកង្កែប ភ្លៅក្លែបគេក្លែម
អស់ស្រាចាក់ថែម ជល់កែវស្រែកហ៊ោ
ស្រាល្វីងថាផ្អែម ជុំគ្នាផឹកទោរ
ក្អួតវ៉កដួលថ្ងូរ ស្រាជាន់អ្នកផឹក។
អ្នកផឹកស្រែកក្អេង សើចលេងអួតខ្លាំង
ចុះឡើងវ៉ៃម៉ាំង ខឹងដៀលប្រមឹក
កាប់ចាក់ឈាមហូរ អួតខ្លួនអ្នកផឹក
អស់សើចកក្អឹក របួសចូលពេទ្្យ។
មិនទាន់ផឹកស្រា ដឹងការស្គាល់យស
ពេលស្រាចូលពោះ ចាប់ឈ្លោះមួយភ្លែត
សម្ដីក្អេងក្អាង ខ្លះអួតរឿងភេទ
ឫកថោកគ្រហែត អួតខ្លួនកប់មេឃ។
របៀបផឹកស្រា ជាអ្នកចេះផឹក
មិនឲ្យប្រមឹក ស្រវឹងដួលដេក
មួយកែវក្រោយបាយ កុំផឹកដូចស្រេក
ប៉ុណ្ណេះល្អពេក ហើយដេកសម្រាក។
កុំផឹកដើរឈ្លោះ អួតខ្លួនពូកែ
ផឹកភ្នាល់លក់ស្រែ ស្រវឹងមិនស្រាក
លែងស្គាល់ឪម៉ែ លេងយល់ពួកម៉ាក
វ៉ៃប្រាវចង់សាក ភ្ញាក់ឡើងក្នុងគុក។
កំណាព្យរក្សាសិទ្ធិ៍ © Copyright rbu_spp ថ្ងៃទី៩ ឩសភា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment