Friday, May 27, 2016
សត្វឆ្កែញ៉ាំង
រឿងកំណាព្យនេះ ពុំមែនគ្រប់គ្នាចេះតែសរសេរបាននោះ ទេ។ ខ្ញុំបានឃើញគ្រូបង្រៀនតែងកំណាព្យខ្លះចេះក្បួន ត្រឹមត្រូវមែន ប៉ុន្តែឲ្យគំនិតខុសទៅសិស្ស។ ខ្ញុំមិនបន្ទោស ទេ គ្រាន់តែចង់មានយោបល់ថា ដើម្បីបង្កើតស្នាដៃអ្វីមួយ ទោះជាកំណាព្យឬវណ្ណកម្មប្រលោមលោកបែបណានោះ គេ (ជាពិសេសគ្រូ) ត្រូវមានចំណេះទូលំទូលាយណាស់។ ខ្ញុំបានអានស្នាដៃគ្រូជើងចាស់ម្នាក់ គាត់សរសេរតាមក្បួន ត្រឹមត្រូវល្អណាស់ ប៉ុន្តែគាត់បានឲ្យយោបល់ខុសទៅ សិស្សថា "កុំត្រាប់តាមឆ្កែញ៉ាំង" ដោយគាត់បានវែកញែក ថា "ឆ្កែញ៉ាំងបានពាំសត្វដង្កូវពីក្រៅទៅភ្ញាស់ធ្វើកូនវា (sic!)"។
ទស្សនៈនេះខុសស្រឡះ ដោយសារគាត់ខ្វះចំណេះដឹង ខាងវិទ្យាសាស្ត្រ (ជីវវិទ្យា)។ ព្រោះតែហេតុនេះ ខ្ញុំបាន តែងកំណាព្យមួយ (បើមានពេល ខ្ញុំនឹងលើកនិយាយអំពី ទស្សនៈបស្ចិម អាមេរិក អង់គ្លេស បារាំង អំពីកំណាព្យ ដែលខុសពីយើង ហើយយើងមិនអាចថាគេខុសទេ)៖
សត្វឆ្កែញ៉ាំង
១. ឆ្កែញ៉ាំងញ៉ឹងសត្វ ពួកដង្កូវ
តាមផ្លូវស៊កទៅ សំបុកវា
ខាងក្នុងមែនពិត ដឹងគ្រប់គ្នា
ពុំមែនភ្ញាស់ជា កូនវាទេ។
២. ការពិតនោះគឺ វាពងដាក់
សំបុកសំណាក់ ពងពីមេ
ដង្កូវពីក្រៅ អាហារទេ
កូនញាស់ពីមេ ស៊ីដង្កូវ។
៣. ដង្កូវកូនវា ញាស់ពីពង
សត្វល្អិតដើមទង ពងដង្កូវ
ជីវិតបែបនេះ មានតម្រូវ
សភាវៈត្រូវ តពូជញាតិ។
៤. កូនញាស់ចេញរូប ដង្កូវមែន
វិវត្តជាវេន តាមធម្មជាតិ
ដង្កូវពីក្រៅ ប្រើជាធាតុ
អាហាររសជាតិ កូនស៊ីគ្រាន់ ។
៥. មានឧទាហរណ៍ ដ៏ជាក់ស្ដែង
ពងទានោះឯង ភ្ញាស់ដោយមាន់
ពេលវាញាស់ឡើង ពុំប្រែភ័ន្ត
មិនក្លាយកូនមាន់ នៅតែទា។
៦. មួយទៀតមនុស្ស និងស្វាឪ
ហ្សែនត្រូវកៅប្រាំ ពីរស៊ីគ្នា
ជាភាគរយពិត ពុំកើតជា
កូនកាត់ឆ្លងគ្នា បាននោះទេ។
៧. រឿងច្បាប់ជីវិត តំណពង្ស
ធម្មជាតិយូរលង់ កូនពីមេ
អំបូរពុំប្ដូរ ពូជវាទេ
ជីវៈច្បាប់កេរ ពង្សសម្រាំង។
៨. ឆ្កែញ៉ាំងប្រើជា គម្រូមួយ
គតិជំនួយ ភ្លឺចែងចាំង
ស្ថាបត្យកម្ម សង់បិទបាំង
សភាវៈខ្លាំង គំនិតច្នៃ។
៩. សំបុកឆ្កែញ៉ាំង ដូចសំណង់
គម្រូរៀបប្លង់ អស្ចារ្យក្រៃ
មុខការមេជាង ចេះកែខៃ
សង់ឋានអាស្រ័យ ដ៏ប្រណីត។
១០. តែវាជាសត្វ ខុសពីមនុស្ស
សំបុកវាធ្លុះ សង់ផ្ចង់ផ្ចិត
ទុកនៅប្រហោង វាពុំបិទ
ឯមនុស្សសម្អិត ជួសជុលសិន៕
សៅរ៍ ពុធពង្ស SAO PUTHPONG © rbu - SPP
Reading Benefits You http://r-b-u.blogspot.com/
ការអានមានប្រយោជន៍ កំណាព្យបីភាសា ខ្មែរ English Français. Contact: (+855)(0) 12 67 6784
Subscribe to:
Post Comments (Atom)
No comments:
Post a Comment