Friday, May 13, 2016

#rbu_1173_ទារមេឃបើកភ្លៀង

នារាយណ៍ ព្រះកេតុ ចាំងឆ្លុះមេឃ
រន្ទះរះផ្លេក ហែកឋានលើ
មនុស្សផ្អើលឈូ នាំគ្នាមើល៍
ឆ្ងល់ថាទង្វើ ព្រះឥន្ទ្រឬ?

ផ្គរលាន់គគ្រឹម គ្រហឹមប្រាប់
ព្រមានលាន់ស័ព្ទ កក្រើកឮ
ដូចបាញ់កំហឹង គំរាមឌឺ
អង្គអញក៏គឺ ស្ដេចចក្រវាល។

ផែនដីមនុស្ស ផ្អើលឈូឆរ
ងើយសឹងបាក់ក មើលភ្នែកដាល
ដៀងផ្អៀងសម្លឹង ដោយភ្នែកច្រាល
ថាឋានកណ្ដាល ចាំស្វាគមន៍។

បើជាទេព្ដា គួរសាងបុណ្យ
ឃើញមនុស្សកុន គ្រោះរាំងធំ
មិនគួរគិតសង ចងគំនុំ
ព្រោះតែអ្នកធំ ឲ្យកាប់ព្រៃ។

មនុស្សទារមេឃ ឲ្យបើកភ្លៀង
កុំបាច់បញ្ឆៀង ដៀងបំភ្លៃ
ល្មមឈប់ឈ្លោះគ្នា រឿងឥតន័យ
ងាកមកលកលៃ បើកភ្លៀងមក។

ឈប់ឈ្លោះឥតខ្មាស រឿង អាស-អញ
កុំអួតរឿងផ្ចាញ់ អញចាំរក
សម្លុតចាប់ចង សងសឹកយក
ឈ្នះបែបអាគក កាងឋានលើ។

កំណាព្យរក្សាសិទ្ធិ ថ្ងៃសុក្រទី១៣ឧសភា២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
រូបថត ផែន សុផល

No comments:

Post a Comment