មាន់ថាឯណា កន្លែងវា
មើលទៅគ្រប់គ្នា ដេកបញ្ជ្រៀត
ពិត គរ ណែនណាន់ ឡើងចង្អៀត
តើវាត្រូវឆ្លៀត ឈ្មុលត្រង់ណា?
ម៉ែឪពីរនាក់ កូនប្រាំមួយ
លើគ្រែជាមួយ ឆ្កែនិងឆ្មា
ដណ្ដប់ភួយរួម ចាស់ធុំខា
ឆ្លងយប់មួយសា ស្អែកចាំគិត។
ដំបូលធ្លុះធ្លាយ ពេលភ្លៀងមក
យកឆ័ត្របាំងជ្រក ទាំងងងឹត
បាំងក្បាលលេចជើង កូនជ្រៀតជិត
ពេកណាស់ខ្ជិលគិត ទោះជាខ្វល់។
ងងុយខំធ្មេច លិចៗទៅ
ឆ្លងពេលយប់ជ្រៅ ព្រឹកមកដល់
កូនយំឃ្លានទារ ចំណីសល់
ម៉ែឪប្រមល់ រកអ្វីគ្មាន។
ជីវិតអ្នកក្រ រស់មួយច្រក
រស់ខ្វះទាំ្រខក ពោះវាឃ្លាន
ខុសពីជីវិត ពួកអ្នកមាន
សំបូរធនធាន រស់ហ៊ឺហា។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃច័ន្ទទី១៨ មេសា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment