#rbu_1141_បែកក្អមនាងហើយ ឬ #ចូលឆ្នាំជួបគូ
១. (ប្រុស) បែកក្អមនាងហើយ ឪ អើយ ធ្វើយ៉ាងម៉េចទេ
កូនខ្លាចនាងជេរ ខ្មាសគេ ពេញវត្ត ចូលឆ្នាំ
(ស្រី) ក្អមខ្ញុំថ្មីល្អ ម៉ែខ្ញុំ គាត់ទាំងបានផ្ដាំ
ដើរលេងចូលឆ្នាំ កូនចាំ កុំឲ្យបែកក្អម។
២. (ស្រី) ឥឡូវអ្នកប្រុស ធ្វើខុស បែកក្អមខ្ញុំហើយ
ខ្ញុំមិនដឹងឡើយ បងអើយ ដៃខ្ញុំខំថ្នម
ដឹងធ្វើម៉េចទេ ជោកទាំង ហូលថ្មីក្រហម
ខុសទាំងតំណម (ប្រុស) ម៉ុមចង់ ឲ្យបងសងអ្វី?
បន្ទរ. (និយាយ៖ លើកជំនូនសងនាងទៅ អន្ទិតអើយ ចូលឆ្នាំហើយ)
(ប្រុស) សងជាជំនូន តើប្អូន នាងថាម៉េចដែរ
ចាំបងសុំម៉ែ ប្រាប់ឪ ឲ្យទៅចូលស្ដី
(ស្រី) ស្រេចលើម៉ែខ្ញុំ បើពុក លោកមិនថាអី
(ចាស់ៗបន្ទរ) កូនប្រុសកូនស្រី ដល់គូ ទុកយូរមិនបាន។
៣. (ប្រុស) បើម៉ុមព្រមហើយ អូនអើយ នេះដូចបើកផ្លូវ
មេបាចែចូវ តាមផ្លូវ ទំនៀមបុរាណ
តើអូនបង្គាប់ រណ្ដាប់ មានអ្វី ប៉ុន្មាន ?
(ស្រី) អូនមិនអាចស្មាន ស្រេចតែ ម៉ែឪគាត់ព្រម (នាងអៀនគេចមុខទុកកន្ទុយភ្នែកលួចមើល)
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃសៅរ៍ទី១៦ ខែមេសា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
រូបថត វត្តសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (ចូលឆ្នាំខ្មែរ ២០១៦)
No comments:
Post a Comment