Monday, April 18, 2016

#rbu_1060_ដណ្ដើមធ្វើធំ


គម្រូខុស ធ្លាក់ចុះ មកពីលើ
មិនធ្វើមើល៍ ឃើញលើ គិតពួកបក្ស
លើកកូនចៅ តាមផៅ អាងទឹកប្រាក់
ច្បាស់ប្រចក្ស តាមថ្នាក់ ចង់តែធំ។

អ្នកធំខ្មែរ គិតតែ កូនចៅឯង
មិនគិតក្រែង សម្ញែង ខ្សែនិយម
អ្នកតូចតាម ខំត្រាប់ យ៉ាប់សង្គម
ប្រជែងធំ ជាតិខ្វះ អ្នកចេះធ្វើ។

ជាតិត្រូវការ អ្នកណា ចេះវិជ្ជា
ពុំមែនគ្នា គ្រាន់ជា អង្គុយលើ
លើកខ្លួនឯង មីងមាំង ដើរតែមើល៍
ឥតអំពើ ត្រួតគេ អាងខ្សែឪ។

ដឹកនាំឆ្លាត គិតជាតិ ទាំងអស់គ្នា
រាស្ត្រប្រជា រួមគ្នា ទើបត្រឹមត្រូវ
ពុំប្រើរាស្ត្រ ធ្វើឈ្នាន់ កម្រាលផ្លូវ
ដូចឥឡូវ ឃើញខុស ព្រោះអ្នកណា?

តើឃើញទេ គ្នាគេ ចាប់ញាត់ដាក់
តាមខ្សែបក្ស ញ៉ុុកចូល ពេលធ្វើការ
មិនថាចេះ មិនចេះ ឬថ្នាក់ណា
បានសាច់ការ ឬអ្វី មិនខ្ច៏ខ្វល់។

បើមានខ្សែ ដឹងតែ ជាប់ស្ថាពរ
ទោះញាត់គរ ជាន់គ្នា ហូរហៀរសល់
ដឹកនាំខុស ព្រោះតែ គិតមិនដល់
ជាតិបានផល ពីចេះ ការបច្ចេក។

ខ្មែរគិតខុស សសុល ត្បុលរកការ
តែក្នុងកា រិយា ល័យតាមផ្នែក
ជំនាញជាង មិនធ្វើ ខ្ជិលអនេក
ប្រឹងតែស្រែក ខ្ពើមការ ណាប្រឡាក់។

មិនគិតថា ការស្ទាត់ បង្ហាត់ខ្មែរ
ឲ្យពូកែ ឲ្យចេះ ទាំងបានប្រាក់
មិនព្រមមើល ចិនយួន ចេះប្រណាក
ទោះប្រឡាក់ គេធ្វើ ពីលើយើង។

កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃសុក្រទី២៦ កុម្ភៈ ២០១៦សៅរ៍ ពុធពង្ស Puthpong Sao

រូបថតបណ្ឌិត Raoul Marc Jennar បារាំងកំណើតស្វ៊ិសសញ្ជាតិខ្មែរ៖ យុវជនខ្មែរប្រឹងតែរៀនខាងគ្រប់គ្រងចង់តែធ្វើធំ ពេលប្រទេសត្រូវការអ្នកបច្ចេកទេស។u

http://www.thmeythmey.com/index.php?page=detail&ctype=article&id=23729&lg=kh#.VO8g0f2XRqA.facebook

No comments:

Post a Comment