Tuesday, March 8, 2016

#rbu_កវីខ្លាចគុក

#rbu_កវីខ្លាចគុក

នៅពេលអ្នកបង្កើតបានទម្លាប់ល្អនៃការអានហើយ នោះអ្នកនឹងដឹងថា "ការអានមានប្រយោជន៍"៖ នេះជា "សម្រស់ជីវិតលើផែនដី"។ When you have established a good habit of reading, you will see that "Reading Benefits You."

១. កវីខ្លាចគុក  ពុំហ៊ានចេញមុខ  សរសេររឿងជាតិ
សូម្បីតែមើល  ក៏នៅឆ្ងាយឃ្លាត  ផ្អើលៗមារយាទ
ថាតែក្រោយខ្នង។

២. លួចមើលមិនចំ  ចេះតែសំងំ  ពុំហ៊ានស្ដីផង
មើលនាយមើលអាយ  សូម្បីឌឺដង មិនឲ្យឮផង
ខ្លាចគេតាមសួរ។

៣. ស្ថានភាពបែបហ្នឹង  ទើបខ្មែរដល់ម្ល៉ឹង  ធ្លាក់ចុះអាប់អួរ
ទ្រព្យជាតិហិនហោច  ពុំមានសំណួរ  ចេញមុខពេញតួ
សួរមេដឹកនាំ។

៤. រឿងជាតិណាមួយ  ពលរដ្ឋស្រុះជួយ  ពុំមែននៅទ្រាំ
ឲ្យគេធ្វើបាប ឲ្យជាតិខ្ទេចខ្ទាំ  រអ៊ូរទាំ
ពុំចេញតវ៉ា។

៥. ចេញមុខស្រុះគ្នា  សាមគ្គីទាមទារ កុំខ្លាចរអា
ខ្លាចស្លាប់គង់ស្លាប់  ជៀសរួចឯណា  បើអស់សង្ខារ
ជួយជាតិបានខ្លះ។

៦. ជាតិប្រែអន្តរ (អន់ដ)  អាសន្នអន្ធក្រ  ធ្លាក់ដាបឃើញច្បាស់
ទ្រព្យជាតិខ្ទេចខ្ទី រាស្ត្រទារប្ដូរផ្លាស់ អំណាចចម្លាស់
សង្គ្រោះរដ្ឋា។

៧. កុំនៅសំងំ   ចេញមុខឲ្យចំ   ជាតិជិតមរណា
ទើបធ្វើភ្ញាក់ផ្អើល  ភ័យតក្កមា  ស្រវេស្រវា
ឆ្លេឆ្លាសស្លន់។

៨. កុំភ្លេចសោះឡើយ  កុំចាំចម្លើយ  កុំធ្វើខ្លួនអន់
យើងជួយជាតិបាន  ក្នុងគ្រាអាសន្ន  ពុំមែនដេកបន់
ព្រះមកជួយគិត។

៩. ជួយជាតិយើងបាន  លុះត្រាខ្លួនប្រាណ  យើងមានជីវិត
និងជាតិនៅមាន  ពុំនោះច្បាស់ពិត  ជាតិបាត់ជីវិត
ជួយជាតិលែងកើត។

១០. មើលជនជាតិចាម  បាត់ជាតិសល់ស្នាម  បញ្ជាក់កំណើត
បានត្រឹមសោកា  ជួយជាតិពុំកើត  ទោះប្រឹងសស្លើត
ឈឺចាប់ទន្ទេញ។

១១. សត្វលោកស្លាប់ទៅ  មានពូជតនៅ  ពុំសូវទោម្នេញ
ឯជាតិស្លាប់ទៅ  ពុំដែលវិលវិញ   គឺជាតិចប់ពេញ
ដូចជាតិស្រុកចាម។

១២. នគរចំប៉ា  គឺចាមនេះណា  ក្នុងពោះវៀតណាម
លេបយកទាំងមូល  នៅសល់តែស្នាម ប្រាសាទដិតដាម
ឈាមចាមឈឺចាប់៕

កំណាព្យ​រក្សាសិទ្ធិ​ copyright rbu_spp ថ្ងៃទី៩ មីនា ២០១៤ ​សៅរ៍ ពុធពង្ស​ Puthpong Sao

រូបថត៖ ទី១ ក្រុងព្រៃនគរក្នុង​ឆ្នាំ​១៩៣០ មុនរបបបារាំង Vincent Auriol លួច​កាត់​ទៅឲ្យយួន បាវដាយ ​នៅថ្ងៃទី៤មិថុនា១៩៤៦។​ ទី២ ប្រាសាទ​ខ្មែរ​នៅលើទឹកដី(អតីត​ខ្មែរ​ប្រែជាសព្វថ្ងៃ​)ថៃ។

No comments:

Post a Comment