#rbu_1067_នឹកឃើញខ្យងងៀត
នេះខ្យងចំហុយ ទឹកត្រីម្ជូរ
ម្ទេសហឹរជាគូ ជាប់មាត់ដឹត
ជ្រលក់ត្រូវគ្នា ពេញមាត់ស្និទ្ធ
ឆ្ងាញ់ដល់គាប់ចិត្ត ម្ហូបធម្មជាតិ។
ខ្យងស្រែខ្យងស្រះ ឬខ្យងបឹង
ទន្លេយើងដឹង មានរសជាតិ
ប្រើបានច្រើនមុខ ម្ហូបផ្សំធាតុ
ឆ្ងាញ់ពិតតាមញាតិ គាប់មេត្រី។
ស្លខ្យងទំពាំង សាប ជូរប្រៃ
តាមតែយើងច្នៃ កកូរអ្វី
ឬក៏ប្រហើរ គាប់មេត្រី
រឹតតែបេតី ការីខ្យង។
ខ្យងងៀតឈ្មោះប្លែក ពុំសូវឮ
បានភ្លក្សពិតគឺ ញ៉ាមច្រើនដង
មិនងាយបានជួប ឮពិតប៉ង
សាករសជាតិម្ដង តើយ៉ាងណា។
ជំនាន់ ប៉ុល ពត អត់នោះអត់
ស្រូវម្ហូបមិនខ្សត់ តែ "អង្គការ"
ប្រើបង្អត់បាយ ខ្វះអាហារ
គ្រប់គ្នាស្រវា រកច្រករស់។
រើសខ្យងឆ្លាស់ឆ្លៀត សៀតចង្កេះ
ច្នៃតាមតម្រិះ លួចផ្សងគ្រោះ
ធ្វើងៀតខ្យងហាល លាក់ការណ៍ខ្ពស់
ឆ្លៀតដុតអាំងរស់ ឬងៀតខ្យង។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃព្រហស្បតិ៍ទី៣ ខែមីនា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment