Monday, February 29, 2016

#rbu_1065_ប្រាក់ខែចាយសល់ថ្ងៃ

#rbu_1065_ប្រាក់ខែចាយសល់ថ្ងៃ

"មើលទៅ"-"ឃើញមក"  
កែវស្រស់ពន្លក  
សប្បាយចិន្តា
បានបើកបៀវត្សរ៍  
ទឹកមុខស្រស់ថ្លា  
តែនៅខ្វល់ថា  
ត្រូវចាយត្បិតត្បៀត។

អារម្មណ៍​គ្រូខ្មែរ​
ទាំងក្រុងទាំងស្រែ
តែង​ខ្វល់ឆ្លាស់ឆ្លៀត
រកចំណូល​ក្រៅ
បំពេញគ្រប់​ស្នៀត
ធ្វើការ​ក្រៅទៀត ​
ល្បីសែនម៉ឺនពាន់។ 

បន់ឲ្យដល់ខែ
មិនមែន​ព្រោះតែ
ប្រាក់ខែ​ចាយគ្រាន់
ប្រពន្ធ​រអ៊ូ​
កូនយំហ៊ូលាន់
ប្រាក់បើកមិនទាន់
ចាយសល់តែថ្ងៃ។ 

កំណាព្យ​រក្សាសិទ្ធិ​ copyright rbu_spp ថ្ងៃអង្គារ​ទី១ ខែមីនា ឆ្នាំ២០១៦​ សៅរ៍ ពុធពង្ស​ Puthpong Sao

#rbu_ចេកអំបូងស្នែង

#rbu_ចេកអំបូងស្នែង
(a Khmer name, literally in English Horn-shaped fragrant bananas)

នេះគេហៅចេក អំបូងស្នែង
ផ្លែធំវែងស្ដែង ដូចស្នែងគោ
ស្ទងបីបួនស្និត ឥតបាច់បូរ
មួយស្និតជ្រងោ បួនប្រាំផ្លែ។

មុនឆ្នាំ៧០ មានដាំនៅ
ជម្រាបប្រាប់ទៅ ក្នុងស្រុកខ្មែរ
អនុខេត្តស្រ កានាគដែរ
ជាប់ហែតាមផ្លូវ ជាតិលេខ៤។

ទេសចរជប៉ុន ឆ្ងល់ចង់ដឹង
ចង់ឃើញចេកហ្នឹង សុំផ្ទួនៗ
ខ្មែរនាំទៅមើល ឃើញផ្ទាល់ខ្លួន
អំបូងស្នែងពួន ក្នុងចម្ការ។

ជប៉ុនលាន់មាត់ ថា"អូហូ!"
"អំបូងស្នែងគោ ធំអស្ចារ្យ
"ពុំដែលឃើញទេ ពីមុនណា
"ក្រអូបពីសារ ឆ្ងាញ់ជាប់ចិត្ត"។

អំបូងស្នែងនេះ មានលក់ដែរ
ហូរហែសណ្ឋា គារប្រណីត
តែក្នុងរូបនេះ ស្ទងបីស្និត
រូបផ្ដិតថតយក ពីស្រុកសៀម។

...
អ្នកគ្រូ A Jing Jing :
Wow...ញាំតែមួយឆ្អែតតែម្ដង

Puthpong Sao :
បើញ៉ាំតែមួយ បានឆ្អែតម្ដង
ចង់ញ៉ាំច្រើនដង ឆ្អែតហូរហែ
មែនទេអ្នកគ្រូ ក៏ប៉ុន្តែ
ញ៉ាំមានគ្នាដែរ ទើបបានឆ្ងាញ់។

អ្នកគ្រូ A Jing Jing :
ច៎ាសមែនហើយ ប្រហែលញ៉ាំតែម្នាក់ឯងមិនឆ្ងាញ់ទេមើលទៅ

Jennifer Hughes:
I've never seen these before can you find in Cambodia?

Puthpong Sao :
I don't know now. But a Cambodian agronomist Mr. Man/morn/ told me in 1976 (in Pol Pot regime) that in 1960s, he saw a Japanese tourist visiting Cambodia to see a plantation of this horn-shaped [fragrant] bananas in Trapeang Roung, in Sraka Neak (naga-scales) sub-province along National Road 4.

Seeing this pic recalls me of the man. In the KR regime, people in general were starved. We all were very hungry and when we met at so short and rare breaks, we usually talked about food: whether/if we had had this and that  delicious food. Mr. Man then talked to me of this banana.

កំណាព្យរក្សាសិទ្ធិ copyright rbu_spp សៅរ៍ ពុធពង្ស Puthpong Sao

Friday, February 26, 2016

#rbu_បណ្ដាំ_ហិនរិ_កាំ៖ កម្ពុជាអាចបាត់ឈ្មោះ

ក្លាហានឡើងថ្លែង ស្ដែងចំៗ
នេះពិតស័ក្តិសម យុវជនខ្មែរ
ទឹកចិត្តមោះមុត ទាំងពូកែ
ដាស់ជនជាតិខ្មែរ កុំឲ្យខ្លាច។

បើខ្មែរខ្លាចស្លាប់ លើដីខ្មែរ
នោះជាតិមុខតែ ជួបគ្រោះកាច
ក្លាយជាដីគេ ព្រោះអំណាច
សព្វថ្ងៃបន្លាច បំភ័យរាស្ត្រ។

សម្លុតបំបាក់ ប្រើហិង្សា
បាញ់វាយប្រហារ ឈាមដាបពាស
ទាំងក្រុងទាំងស្រែ សម្រែករាស្ត្រ
ភ័យខ្លាចវិនាស ព្រួយបាត់ជាតិ។

លោក ហិនរិ កាំ ថ្លែងផ្ដាំច្បាស់
កាលដាស់កាសែត អន្តរជាតិ
ឲ្យឃ្លាំតាមមើល កុំឃ្លៀងឃ្លាត
វាសនានៃជាតិ កម្ពុជា។

កាលពីរពាន់មួយ លោកបានប្រាប់
ដូចថ្លែងរឿងស្លាប់ ដាស់គ្រប់គ្នា
លោកមិនប្រាកដ ថាកម្ពុជា
នឹងមានឈ្មោះជា ប្រទេសទេ។

លោកថាសព្វថ្ងៃ រាស្ត្រកម្ពុជា
រស់នៅវេទនា ធនធានកេរ
រងទុក្ខឈឺចាប់ អំណាចគេ
ពុំគិតរាស្ត្រទេ ទ្រព្យជាតិលក់។

លោក កាំ ផ្ដាំថា ខ្មែរសព្វថ្ងៃ
រស់វេទនាក្រៃ ក្នុងនរក
មួយបែបតាមផែន សែនគំរក់
ផ្សេងពីនរក ពួក ប៉ុល ពត។

លោក ហិនរិ កាំ ធ្លាប់ធ្វើជាអ្នកកាសែតជិត៥០ឆ្នាំឲ្យកាសែតអាមេរិកាំងដ៏ធំបំផុតមួយ The New York Times និង ចេញចូលកម្ពុជា។

#rbu_1057_មិនជឿចាំមើល

#rbu_1057_មិនជឿចាំមើល

រឿងដី ព្រៃឈើ  កុំធ្វើមិនដឹង
ច្បាស់ពេករឿងហ្នឹង  ដូចពុករលួយ
ជាបញ្ហាធំ  ធ្វើឲ្យរាស្ត្រព្រួយ
ចាំដល់ថ្ងៃមួយ  ដូចចាំគ្រប់គ្នា។

ហេតុអ្វីព្រៃពាយ រលាយទាំងភ្នំ?
មកពីអ្នកធំ  ស៊ុមគ្រលំគ្នា
ជាមួយឧកញ៉ា  ម្ដេចធ្វើពើជា
ឆ្ងល់ខុសវេលា  ភ្ញាក់ផ្អើលខុសគេ?

ដុល្លារព្រាកៗ  ចាំងចូលបាំងភ្នែក
ពន្លឺផ្លេកៗ  ខ្លាចតែខ្សែមេ
ស៊ូធ្វើមិនឃើញ  មិនហ៊ានចាប់ទេ
ខ្លាចដឹងដល់មេ  ធ្លាក់បុណ្យជាប់គុក។

ឈើដឹកពាន់ឡាន  ច្រើនឆ្នាំមកហើយ
ចុះហេតុម្ដេចឡើយ  ថ្លែងខុសទំនុក
ទើបលើកពេលនេះ  ឬមួយស្ពឹកមុខ
រាស្ត្រចងចាំទុក  ចាំបោះឆ្នោតដូរ?

ថ្លែងដូចយល់សប្ដិ  បង្កប់រឿងភ័យ
កាប់ឈើហិនព្រៃ  ប្លន់ដីរាស្ត្រថ្ងូរ
រងគ្រោះខ្លោចផ្សា  សម័យតេជោ
រាស្ត្រចាំតែដូរ  មិនជឿចាំមើល។

កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃព្រហស្បតិ៍ទី២៥ កុម្ភៈ ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao